ការព្យាបាលលំនឹងសរីរាង្គ (Ostéopathie) ដោយក្រុមគ្រូពេទ្យជនជាតិបារាំងនិងខ្មែរនៃអង្គការហត្ថាវេជ្ជសាស្រ្ត(Hattha Vichesas Organisation)ដល់មន្រ្តីអប់រំ គរុនិស្សិតនៃវិទ្យាស្ថានគរុកោសល្យបាត់ដំបង
បាត់ដំបង៖ ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ នៅវិទ្យាស្ថានគរុកោសល្យបាត់ដំបងបានទទួលស្វាគមន៍ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ដជនជាតិបារាំង និងខ្មែរ នៃអង្គការហត្ថាវេជ្ជសាស្រ្ត(Hattha Vichesas) មកបំពេញបេសកកម្មព្យាបាលលំនឹងសរីរាង្គ (Ostéopathie) ជូនគ្រូឧទ្ទេស និងគរុនិស្សិតនៃវិទ្យាស្ថានគរុកោសល្យបាត់ដំបងដោយឥតគិតថ្លៃរយៈពេល០២ថ្ងៃនៅក្នុងទីតាំងនៃវិទ្យាស្ថាន។ ឯកឧត្ដមបណ្ឌិត ជា រដ្ឋា នាយកវិទ្យាស្ថានគរុកោសល្យបាត់ដំបង បានទទួលសា្វគមណ៍ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អង្គការហត្ថាវេជ្ជសាស្រ្ត ដែលដឹកនាំដោយលោកសាស្រ្តាចារ្យវេជ្ជបណ្ឌិត Patrick JOUHAUD ក្នុងការផ្ដល់សេវាព្យាបាលនេះ ដល់មន្រ្តីអប់រំ និងគរុនិស្សិតវិទ្យាស្ថានគរុកោសល្យបាត់ដំបងដើម្បីធ្វើឱ្យប្រសើរឡើងនូវសុខភាពផ្លូវចិត្ត បន្ថយភាពតានទឹង និងបញ្ហាសុខភាពផ្សេងៗ។ សូមបញ្ជាក់ផងដែរថា ការព្យាបាលលំនឹងសរីរាង្គ (Ostéopathie) ជាការព្យាបាលដែលអាចអនុញ្ញាតឱ្យធ្វើរោគវិនិច្ឆ័យអំពីរោគសញ្ញាផ្សេងៗ ដូចជាសម្ពាធនៅក្នុងទ្រូង ការរងទុក្ខផ្លូវចិត្ត ការសង្ស័យអំពីរោគរបេង ការឈឺចាប់ផ្នែកក្បាល ដែលពាក់ព័ន្ធនឹងបញ្ហាមាត់ធ្មេញ កង្វះអាហាររូបត្ថម្ភ ឬ អំពើហឹង្សាជាដើម។ ការព្យាបាលលំនឹងសរីរាង្គ (Ostéopathie) មានសារៈប្រយោជន៍ច្រើនសម្រាប់គ្រូឧទ្ទេស និងគរុនិស្សិត ដូចខាងក្រោម៖
១. ការព្យាបាលនេះអាចជួយបន្ថយសម្ពាធ និងគ្រោះថ្នាក់ផ្សេងៗដែលគ្រូឧទ្ទេស និងគរុនិស្សិតប្រឈមមុខ ដូចជា សម្ពាធដែលកើតមានក្នុងការសិក្សា និងការងារ។
២. ការព្យាបាលអាចជួយសម្រួលសុខភាពរបស់ពួកគាត់ ធ្វើឱ្យមានសមត្ថភាពកាន់តែខ្ពស់ក្នុងការសិក្សា និងការបំពេញការងារ។
៣. ការព្យាបាលលំនឹងសរីរាង្គ អាចជួយកាត់បន្ថយការរងទុក្ខផ្លូវចិត្ត និងបញ្ហាសុខភាពផ្លូវចិត្តផ្សេងៗ ដែលអាចមានផលប៉ះពាល់ដល់សមត្ថភាពការសិក្សា។
៤. វាអាចជួយព្យាបាលរោគសញ្ញាផ្សេងៗដូចជា ការឈឺចាប់ក្នុងទ្រូង ការឈឺក្បាល និងបញ្ហាអាហាររូបត្ថម្ភ ដែលអាចប៉ះពាល់ដល់គុណភាពជីវិត។
០៧ វិច្ឆិកា ២០២៤ | បាត់ដំបង
ភ្ជាប់ទំនាក់ទំនងជាមួយពួកយើង
📞017 448 869/ 096 3 296 997
📩 info@btec.edu.kh
Telegram Channel: t.me/btecnews
Youtube Channel: https://www.youtube.com/@BTECMedia