ជំនួបពិភាក្សាការងារជាមួយលោកស្រី Elodie WYNAR អនុព័ន្ធទទួលបន្ទុកការងារភាសាបារាំង នៃស្ថានទូតបារាំងប្រចាំកម្ពុជា
នាព្រឹកថ្ងៃពុធ ទី២២ ខែមករា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ជា រដ្ឋា នាយកវិទ្យាស្ថានគរុកោសល្យបាត់ដំបងបានទទួលជួបពិភាក្សាការងារភាសាបារាំង និងកិច្ចសហប្រតិបត្តិការផ្សេងៗ ជាមួយលោកស្រី Elodie WYNAR អនុព័ន្ធទទួលបន្ទុកការងារភាសាបារាំង នៃស្ថានទូតបារាំងប្រចាំកម្ពុជា។ជាកិច្ចចាប់ផ្តើម ឯកឧត្តមបណ្ឌិតនាយកវិទ្យាស្ថាន បានទទួលស្វាគមន៍ និងថ្លែងអំណរគុណដល់លោកស្រី Elodie WYNAR និងគណៈប្រតិភូទាំងអស់ដែលអញ្ចើញមកវិទ្យាស្ថានដើម្បីពិភាក្សាការងារ។ ឯកឧត្តមបណ្ឌិតបានបង្ហាញពីវឌ្ឍនភាពការងារភាសាបារាំង បញ្ហាប្រឈម និងកាលានុវត្តភាពការងារភាសាបារាំង និងកិច្ចសហប្រតិបត្តិការនានារវាង វ.គ.ប និងគ្រឹះស្ថានឧត្តមសិក្សាបារាំងដើម្បីលើកកម្ពស់ការសិក្សាភាសាបារាំង និងការកសាងសមត្ថភាពបុគ្គលិកអប់រំវិទ្យាស្ថាន។ លោកស្រី Elodie WYNAR បានថ្លែងអំណរគុណដល់ ឯកឧត្តមបណ្ឌិត ដែលបានអនុញ្ញាតឱ្យក្រុមការងារលោកស្រីបានជួបពិភាក្សាការងារ ទន្ទឹមនឹងនេះលោកស្រីសូមចូលរួមអបអរសាទរដែល វ.គ.ប បានចូលជាសមាជិកទី១៥ របស់ទីភ្នាក់ងារឧត្តមសិក្សាប្រើប្រាស់ភាសាបារាំង(AUF)ប្រចាំនៅកម្ពុជា ដោយលោកស្រីមានប្រសាសន៍ថានេះជាចំណុចចាប់ផ្តើមដ៏ល្អក្នុងការផ្តល់ឱកាសដល់វិទ្យាស្ថានក្នុងការស្វែងរកមូលនិធិបន្ថែមក្នុងការអភិវឌ្ឍភាសាបារាំង និងសកម្មភាពហ្រ្វង់កូហ្វូនីនៅបាត់ដំបង។ លើសពីនេះ លោកស្រីបានបញ្ចាក់ពីគម្រោងគាំទ្ររបស់ស្ថានទូតបារំាងលើការបង្រៀនភាសាបារាំង និងសកម្មភាពគាំទ្រដំណើរការរៀបចំធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីឆ្នាំ២០២៦(Sommet de la Francophonie)។ ឯកឧត្តមបណ្ឌិតនាយកវិទ្យាស្ថាន សូមថ្លែងអំណរគុណដល់លោកស្រី Elodie WYNAR សម្រាប់ជំហរគាំទ្រការបណ្តុះបណ្តាលភាសាបារាំងនៅ វ.គ.ប និងការរៀបចំគៀនបណ្ណាល័យហ្រ្វង់កូហ្វូនសម្រាប់វិទ្យាស្ថាន។ ទន្ទឹមនឹងនេះ ឯកឧត្តមបណ្ឌិត បានទទួលស្វាគមន៍ លោក Pierric REYNAUD មន្រ្តីទទួលបន្ទុកកិច្ចសហប្រតិបត្តិការ និងអង្គការសង្គមស៊ីវិលប្រចាំស្ថានទូតបារាំង និងលោក ជឿន ម៉ាឡៃ ប្រធានអង្គការLa Maison du Sourire ដែលទទួលបានថវិកាគម្រោងពីស្ថានទូតបារាំងក្នុងការអនុវត្តសកម្មភាពបណ្តុះបណ្តាលលើការអប់រំផ្លូវចិត្តនៅខេត្តបាត់ដំបង។ លោក Pierric REYNAUD បានស្នើសុំការគាំទ្រ និងកិច្ចសហប្រតិបត្តិការជាមួយ វ.គ.ប។ ឯកឧត្តមបណ្ឌិតនាយកវិទ្យាស្ថាន បានថ្លែងអំណរគុណសម្រាប់ព័ត៌មានអំពីគម្រោងដែលស្ថានទូតបារំាងគាំទ្រមូលនិធិដល់អង្គការ La Maison du Sourire និងសូមពិនិត្យមើលសកម្មភាពលម្អិតសិន និងស្វាគមន៍សម្រាប់កិច្ចសហប្រតិបតិ្តការប្រសិនបើមានតម្រូវការចាំបាច់។
Facebook's post below:
ភ្ជាប់ទំនាក់ទំនងជាមួយពួកយើង
📞017 448 869/ 096 3 296 997
📩 info@btec.edu.kh
Telegram Channel: t.me/btecnews
Youtube Channel: https://www.youtube.com/@BTECMedia









