បាឋកថាគន្លឹះស្ដីពី «សារៈសំខាន់នៃការសិក្សាប្រវត្តិសាស្ត្រដើម្បីវិបុលភាពសង្គម» នៅវិទ្យាស្ថានគរុកោសល្យបាត់ដំបង
បាត់ដំបង៖ នាថ្ងៃសៅរ៍ ទី១៥ ខែមីនា ឆ្នាំ២០២៥ វិទ្យាស្ថានគរុកោសល្យបាត់ដំបង បានរៀបចំកម្មវិធីបាឋកថាគន្លឹះស្ដីពី «សារៈសំខាន់នៃការសិក្សាប្រវត្តិសាស្ត្រដើម្បីវិបុលភាពសង្គម» ក្រោមវត្តមានវាគ្មិនកិត្តិយស លោកជំទាវបណ្ឌិត ឃួន វិច្ឆិកា អគ្គនាយក នៃអគ្គនាយកដ្ឋានបណ្ដុះបណ្ដាល និងវិក្រឹតការ នៃក្រសួងអប់រំ យុវជន និងកីឡា និងមានការអញ្ជើញចូលរួម ពីឯកឧត្ដមបណ្ឌិត ជា រដ្ឋា នាយកវិទ្យាស្ថានគរុកោសល្យបាត់ដំបង គណៈគ្រប់គ្រង បុគ្គលិកអប់រំ សិក្ខាកាមវគ្គខ្លី និងគរុនិស្សិតនៃវិទ្យាស្ថានផងដែរ។
បាឋកថាគន្លឹះស្ដីពី «សារៈសំខាន់នៃការសិក្សាប្រវត្តិសាស្ត្រដើម្បីវិបុលភាពសង្គម» នៅវិទ្យាស្ថានគរុកោសល្យបាត់ដំបង គឺជាសកម្មភាពក្រៅកម្មវិធីសិក្សា និងជាផ្នែកមួយនៃសកម្មភាពអាទិភាពរបស់វិទ្យាស្ថាន សំដៅដល់ការលើកកម្ពស់ការយល់ដឹង និងផ្ដល់ពុទ្ធិបន្ថែមដល់បុគ្គលិកអប់រំ គរុនិស្សិត និងសាធារណជនអំពីសារៈសំខាន់នៃការសិក្សាប្រវត្តិសាស្ត្រ។ ក្នុងបរិបទនៃការអប់រំសតវត្សទី២១ ស្របពេលនៃការរីកចម្រើនទៅមុខយ៉ាងឆាប់រហ័សលើគ្រប់វិស័យ រួមមាន វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា ទំនាក់ទំនង សារគមនាគមន៍ និងបញ្ញាសិប្បនិម្មិតជាដើម ការសិក្សាប្រវត្តិសាស្រ្តរឹតតែមានសារៈសំខាន់លើសពេលណាទាំងអស់។ ការសិក្សាប្រវត្តិសាស្ត្រ អាចជួយឱ្យយើងរៀនសូត្រពីឧត្ដមភាព ភាពជោគជ័យ ព្រមទាំងបរាជ័យ វប្បធម៌ អរិយធម៌ ទំនៀមទម្លាប់ប្រពៃណី និងផ្នត់គំនិតរបស់មនុស្សគ្រប់សម័យកាល ដែលជាមេរៀនដ៏មានតម្លៃសម្រាប់មនុស្សជំនាន់ក្រោយធ្វើជាភស្តុតាង និងមូលដ្ឋានច្បាស់លាស់ក្នុងការសម្រេចចិត្ត។
ក្រៅពីបាឋកថា ពីសារៈសំខាន់នៃការសិក្សាប្រវត្តិសាស្ត្រ លោកជំទាវបណ្ឌិត អគ្គនាយក បានធ្វើបទបង្ហាញ និងគូសបញ្ជាក់ពីរចនាសម្ព័ន្ធ និងលទ្ធផលសិក្សារំពឹងទុកនៃកម្មវិធីសិក្សា និងសៀវភៅសិក្សាគោលថ្មីមុខវិជ្ជាប្រវត្តិវិទ្យានៅគ្រប់ភូមិសិក្សា ដែលមានគោលបំណងធានាអប់រំឱ្យពលរដ្ឋឱ្យមានគុណសម្បទាពេញលេញ ពោលគឺវិជ្ជាសម្បទា បំណិនសម្បទា ចរិយាសម្បទា កាយសម្បទា និងមានមនសិការស្នេហាជាតិ មនុស្សជាតិ និងពិភពលោក ដែលអាចរួមចំណែកធ្វើសមាហរណកម្មកម្ពុជាចូលទៅក្នុងតំបន់ និងពិភពលោក។
Facebook's post below:
ភ្ជាប់ទំនាក់ទំនងជាមួយពួកយើង
📞 +855-92 582 772 / +855-86 858 570
📩 info@btec.edu.kh
Telegram Channel: t.me/btecnews
Youtube Channel: https://www.youtube.com/@BTECMedia









