ជំនួបសម្តែងការគួរសមជាមួយសាស្រ្តាចារ្យម៉ាតេអូ សាវីណូ (Prof. Matteo Mario Savino) សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យសានីញ៉ូ (University of Sannio)ប្រទេសអ៊ីតាលី
ទីក្រុងបេនេវិនតូ៖ នារសៀលថ្ងៃអង្គារ ទី៨ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ជា រដ្ឋា នាយកវិទ្យាស្ថានគរុកោសល្យបាត់ដំបង បានជួបសម្តែងការគួរសមជាមួយលោកសាស្រ្តាចារ្យម៉ាតេអូ សាវីណូ (Prof. Matteo Mario Savino) សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យសានីញ៉ូ (University of Sannio) ដែលលោកសាស្រ្តាចារ្យមានបទពិសោធន៍ជាច្រើនក្នុងការអនុវត្តគម្រោងកសាងសមត្ថភាពនៅតំបន់អាស៊ីតួយ៉ាង ប្រទេសថៃ វៀតណាម កម្ពុជា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី នេប៉ាល់ និងបង់ក្លាដេស ជាដើមក្នុងក្របខណ្ឌគម្រោង Erasmus Mundus និង Erasmus+ CBHE។
លោកសាស្រ្តាចារ្យ ម៉ាតេអូ សាវីណូ បានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការរៀបចំគម្រោងកសាងសមត្ថភាពសារជាថ្មីជាមួយកម្ពុជាបន្ទាប់ពីលោកបានអាក់ខានអស់មួយរយៈពេលដោយសារលោកសាស្រ្តាចារ្យមានទំនួលខុសត្រូវច្រើននៅសាកលវិទ្យាល័យក្នុងនាមជាសាកលវិទ្យាធិការរង។
ឯកឧត្តមបណ្ឌិតនាយកវិទ្យាស្ថាន បានថ្លែងអំណរគុណលដល់លោកសាស្រ្តាចារ្យដែលបានទទួលស្វាគមន៍គណៈប្រតិភូពីវិទ្យាស្ថានគរុកោសល្យបាត់ដំបង និងចែករំលែកនូវព័ត៌មាន ក៏ដូចកិច្ចសហប្រតិបត្តិការនានាដែលសាកលវិទ្យាល័យកំពុងមាន។
ទន្ទឹមនឹងនេះ ឯកឧត្តមបណ្ឌិត ជា រដ្ឋា ក៏ចាប់ផ្តើមការជជែកពិភាក្សាជាច្រើនជាមួយ លោកសាស្រ្តាចារ្យសាកលវិទ្យាធិការរងលើប្រធានបទ៖
- ការគ្រប់គ្រងគុណភាពអប់រំគ្រឹះស្ថានឧត្តមសិក្សា
- ការអប់រំវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងវិស្វកម្ម ពិសេសវិស្វកម្មឧស្សាហកម្មដែលជាជំនាញរបស់លោកសាស្រ្តាចារ្យ
- ការស្វែករកដៃគូរ និងរៀបចំគម្រោងសហប្រតិបត្តិការក្នុងក្របខណ្ឌកម្មវិធីErasmus+ CBHE ដើម្បីពង្រីកវិសាលភាពកិច្ចសហប្រតិបត្តិការបន្ថែមរវាង UNISANNIO និង BTEC។
ជាចុងបញ្ចប់ ឯកឧត្តមបណ្ឌិតនាយកវិទ្យាស្ថាន បានគោរពអញ្ជើញលោកសាស្រ្តាចារ្យ និងថ្នាក់ដឹកនាំសាកលវិទ្យាល័យទៅបំពេញទស្សនកិច្ចនៅកម្ពុជា ពិសេសខេត្តបាត់ដំបង ដើម្បីបានឃើញផ្ទាល់ពីការរីកចម្រើន និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ពិសេសក្រសួងអប់រំ យុវជន និងកីឡា ក្នុងការលើកកម្ពស់គុណភាពអប់រំ ការស្រាវជ្រាវប្រកបដោយបរិយាប័ន្ន និងទទួលបានជាធាតុចូលបន្ថែមក្នុងការកសាងក្របខណ្ឌកិច្ចសហប្រតិបត្តិការរវាងUNISANNIO និង BTEC ប្រកបដោយផ្លែផ្កា និងនិរន្តរភាព។
អ៊ីតាលី | ៨ មេសា ២០២៥
Facebook's post below:
ភ្ជាប់ទំនាក់ទំនងជាមួយពួកយើង
📞 +855-92 582 772 / +855-86 858 570
📩 info@btec.edu.kh
Telegram Channel: t.me/btecnews
Youtube Channel: https://www.youtube.com/@BTECMedia






