ពិធីប្រគល់វិញ្ញាបនបត្រជូនសិក្ខាកាមកម្មវិធីអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំ(CPD) ស្តីពី “គរុកោសល្យ និងវិធីសាស្រ្តបង្រៀនក្នុងបែបថ្មី” នៅវិទ្យាស្ថានគរុកោសល្យបាត់ដំបង
នាព្រឹកថ្ងៃអាទិត្យ ទី១១ ខែឧសភា ឆ្នាំ២០២៥ វិទ្យាស្ថានគរុកោសល្យបាត់ដំបង បានរៀបចំពិធីប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សាជូនដល់សិក្ខាកាមកម្មវិធីអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំ(CPD)លើកទី៥ ស្តីពី “គរុកោសល្យ និងវិធីសាស្រ្តបង្រៀនក្នុងបែបថ្មី” ដែលបានបញ្ចប់ការបណ្តុះបណ្តាលប្រកបដោយជោគជ័យ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ជា រដ្ឋា នាយកវិទ្យាស្ថានគរុកោសល្យបាត់ដំបង (វ.គ.ប) ដោយមានការអញ្ជើញចូលរួមពី លោក-លោកស្រីនាយក/នាយិការងវិទ្យាស្ថាន លោកព្រឹទ្ធបុរស លោកគ្រូ-អ្នកគ្រូឧទ្ទេស និងសិក្ខាកាមជ័យលាភីប្រមាណ ១៥០ នាក់។កម្មវិធីអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំ(CPD) ឬវគ្គសិក្សាខ្លីនៅវិទ្យាស្ថានគរុកោសល្យបាត់ដំបង មានគោលបំណងគាំទ្រសិក្ខាកាម និងអ្នកឯកទេសអប់រំបង្កើតចំណេះដឹង និងជំនាញវិជ្ជាជីវៈគ្រូបង្រៀនប្រកបដោយប្រសិទ្ធភាព សម្រាប់គ្រូបង្រៀនសតវត្សទី២១ តាមរយៈការសិក្សាជាមួយគ្រូឧទ្ទេសមានបទពិសោធ និងជំនាញគរុកោសល្យច្បាស់លាស់ កម្មវិធីសិក្សាទំនើប និងការបណ្តុះបណ្តាលឆ្លើយតបនឹងតម្រូវការការងារអប់រំ បរិស្ថានសិក្សាស្តង់ដា និងការវាយតម្លៃការសិក្សាស្តង់ដា។ ក្នុងវគ្គសិក្សានេះសិក្ខាកាមទទួលការបណ្តុះបណ្តាលប្រកបដោយគុណភាពលើ (១)កញ្ចប់មុខវិជ្ជាសិក្សាបឋមកម្រិតទាប (២)កញ្ចប់មុខវិជ្ជាសិក្សាបឋមកម្រិតខ្ពស់ (៣)កញ្ចប់មុខវិជ្ជាសិក្សាកម្រិតអនុវិទ្យាល័យ និង(៤)គរុកោសល្យនវានុវត្តន៍កម្រិតឧត្តមសិក្សា។ សិក្ខាកាមជ័យលាភីទាំងអស់សម្ដែងនូវអារម្មណ៍រីករាយដែលបានចូលរួមវគ្គសិក្សាខ្លីនៅវិទ្យាស្ថានគរុកោសល្យបាត់ដំបង និងបន្តចុះឈ្មោះសិក្សាកញ្ចប់មុខវិជ្ជាផ្សេងទៀត ដើម្បីការអភិវឌ្ឍគុណសម្បទាគ្រូបង្រៀន ការបំប៉នចិត្តគរុកោសល្យ និងវិធីសាស្ត្របង្រៀន ការអភិវឌ្ឍបំណិនឌីជីថល និងបញ្ញាសិប្បនិម្មិត ការតាក់តែងតេស្ដស្តង់ដា។
Facebook's post below:
ភ្ជាប់ទំនាក់ទំនងជាមួយពួកយើង
📞 +855-92 582 772 / +855-86 858 570
📩 info@btec.edu.kh
Telegram Channel: t.me/btecnews
Youtube Channel: https://www.youtube.com/@BTECMedia









