កម្មវិធីបើកបវេសនកាល និងសំណេះសំណាលជាមួយមាតាបិតា អ្នកអាណាព្យាបាល គរុនិស្សិតបឋមសិក្សា ១២+៤ ជំនាន់ទី៤ ឆ្នាំទី១
បាត់ដំបង៖ នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤ វិទ្យាស្ថានគរុកោសល្យបាត់ដំបង បានប្រារព្ធកម្មវិធីបើកបវេសនកាល និងសំណេះសំណាលជាមួយមាតាបិតា អាណាព្យាបាលគរុនិស្សិត បឋមសិក្សា ១២+៤ ជំនាន់ទី៤ ឆ្នាំទី១ ដោយមានការអញ្ជើញជាអធិបតីរបស់ឯកឧត្ដមបណ្ឌិត ជា រដ្ឋា នាយកវិទ្យាស្ថានគរុកោសល្យបាត់ដំបង លោកនាយករង ព្រឹទ្ធបុរសស្ដីទី ព្រឹទ្ធបុរសរង ប្រធាន អនុប្រធានដេប៉ាតឺម៉ង់ ការិយាល័យ លោកគ្រូ អ្នកគ្រូឧទ្ទេស ព្រមទាំងគរុនិស្សិតបឋមសិក្សា ១២+៤ ជំនាន់ទី៤ ឆ្នាំទី១ ចំនួន ១៤៩នាក់ រួមជាមួយនឹងមាតាបិតា អាណាព្យាបាលចំនួន ១១៨នាក់ ដែលអញ្ជើញមកពីខេត្តចំនួន១១។
ឯកឧត្ដមបណ្ឌិតនាយកវិទ្យាស្ថានបានមានមតិស្វាគមន៍ចំពោះមាតាបិតា អាណាព្យាបាល និងបានសម្ដែងការអបអរសាទរជាថ្មីម្ដងទៀតដល់គរុនិស្សិតជ័យលាភី ដែលមកពីខេត្តទាំង១១ ដោយបានឆ្លងកាត់ការប្រឡងយ៉ាងស្វិតស្វាញ និងច្រើនដំណាក់កាល ស្របតាមទិសស្លោក «អ្នកចេះគឺជាប់» និង «ជាប់ដោយមោទនភាព ធ្លាក់ដោយអស់ចិត្ត»។
ឆ្លៀតក្នុងឱកាសនេះផងដែរ ឯកឧត្ដមបណ្ឌិតនាយកវិទ្យាសថានបានគូសបញ្ជាក់អំពីអត្ថប្រយោជន៍ដែលគរុនិស្សិត និងទទួលបាននៅក្នុងកំឡុងពេល និងក្រោយពេលបណ្ដុះបណ្ដាលនៅវិទ្យាស្ថានគរុកោសល្យបាត់ដំបង ដែលមានដូចជាការទទួលបានប្រាក់បៀវត្ស ៧០% ក្នុងកំឡុងពេលបណ្ដុះបណ្ដាល ការទទួលបានក្របខណ្ឌ «ក» ក្រោយពីបានឆ្លងកាត់ការបណ្ដុះបណ្ដាលតាមប្រព័ន្ធ ១២+៤ ជាដើម។ លើសពីនេះទៅទៀតគរុនិស្សិតនឹងទទួលបានគុណសម្បទាទាំងបី គឺវិជ្ជាសម្បទា បំណិនសម្បទា និងចរិយាសម្បទា ដើម្បីឱ្យគរុនិស្សិតអាចក្លាយជាគ្រូបង្រៀនដែលមានគុណវុឌ្ឍិពេញលេញសម្រាប់សតវត្សទី២១ និងដើម្បីនាំមកនូវការផ្លាស់ប្ដូរជាវិជ្ជមានដល់សាលារៀន សំដៅដល់ការលើកកម្ពស់លទ្ធផលសិក្សារបស់សិស្ស និងរួមចំណែកគាំទ្រដល់កំណែទម្រង់ប្រព័ន្ធអប់រំក្នុងប្រទេសកម្ពុជាទាំងមូល។
ក្នុងពេលជាមួយគ្នានេះដែរ មាតាបិតា អាណាព្យាបាលដែលបានចូលរួមបានសម្ដែងនូវក្ដីរំភើប ត្រេកអរ និងមានមោទនភាពយ៉ាងខ្លាំងដែលកូនៗរបស់ពួកគាត់បានប្រឡងជាប់ និងបានមកទទួលការបណ្ដុះបណ្ដាលនៅវិទ្យាស្ថានគរុកោសល្យបាត់ដំបង ព្រមទាំងសម្ដែងការគាំទ្រដល់កំណែទម្រង់ការប្រឡងជ្រើសរើសគ្រូបង្រៀន និងកំណែទម្រង់ប្រព័ន្ធបណ្ដុះបណ្ដាលគ្រូបង្រៀន របស់ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងមុខងារសាធារណៈ ហើយពួកគាត់សង្ឃឹមជឿជាក់ថាកូនៗរបស់គាត់នឹងទទួលបានចំណេះ ជំនាញពេញលេញ និងពិតប្រាកដដើម្បីអាចជួយខ្លួនឯង និងសិស្សានុសិស្សនៅតាមមូលដ្ឋានដែលគាត់ចេញទៅបម្រើការងារ។
អង្គពិធីទាំងមូលបានបញ្ចប់ទៅដោយភាពរីករាយកក់ក្ដៅ និងមានការថតរូបទុកជាអនុស្សាវរីយ៍មុននឹងការត្រឡប់ទៅគេហដ្ឋានវិញរបស់មាតាបិតា អាណាព្យាបាល។
-------------------------
ភ្ជាប់ទំនាក់ទំនងជាមួយពួកយើង
📞017 448 869/ 096 3 296 997
📩 info@btec.edu.kh
Telegram Channel: t.me/btecnews
Youtube Channel: https://www.youtube.com/@BTECMedia









