ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាងវិទ្យាស្ថានគរុកោសល្យបាត់ដំបង និងកម្មវិធីសាលារៀនជំនាន់ថ្មី នៃវិទ្យាល័យព្រះស៊ីសុវត្ថិ វិទ្យាល័យព្រែកលៀប វិទ្យាល័យនេតយ៉ង់
បាត់ដំបង៖ នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបានចូលជាអធិបតី ក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាងវិទ្យាស្ថានគរុកោសល្យបាត់ដំបង និងកម្មវិធីសាលារៀនជំនាន់ថ្មី នៃវិទ្យាល័យព្រះស៊ីសុវត្ថិ វិទ្យាល័យព្រែកលៀប វិទ្យាល័យនេតយ៉ង់ ស្ដីពីកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍសមត្ថភាពបុគ្គលិកអប់រំ និងការលើកកម្ពស់គុណភាព និងឧត្តមានុវត្តន៍វិធីសាស្រ្ដបង្រៀនសតវត្សទី២១ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង ឯកឧត្តមបណ្ឌិត វិទ្យាស្ថានគរុកោសល្យបាត់ដំបង លោកនាយកវិទ្យាល័យព្រះស៊ីសុវត្ថិ លោកនាយកវិទ្យាល័យព្រែកលៀប លោកនាយកវិទ្យាល័យនេតយ៉ង់ និងគ្រប់ភាគីពាក់ព័ន្ធ។
គោលបំណងនៃការចុះអនុស្សរណៈនៃការយោគយល់គ្នា(MoU)នេះ គឺដើម្បី (១)សហការគាំទ្រការធ្វើវិក្រឹតការគ្រូបង្រៀនដែលផ្តោតលើការលើកកម្ពស់សមត្ថភាពគ្រូបង្រៀនសតវត្សទី២១ និងភាពជាគ្រូសកលដែលឆ្លើយតបនឹងបរិវត្តកម្មនៃការអប់រំក្នុងយុគសម័យបញ្ញាសប្បនិម្មិត (AI) (២) សហការក្នុងការចែករំលែក និងអនុវត្តឧត្តមានុវត្តន៍វិធីសាស្ត្របង្រៀនសាលារៀនជំនាន់ថ្មី (NGS) និងការជំរុញកិច្ចសហប្រតិបត្តិការលើកកម្ពស់ការអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំរបស់គូភាគី ការផ្លាស់ប្តូរឯកសារ និងសម្ភារឧបទ្ទេសបង្រៀនផ្សេងៗ ដែលនឹងបម្រើផលប្រយោជន៍ដល់ការអភិវឌ្ឍការអប់រំ របស់គូភាគី ផ្តល់ការគាំទ្រគ្នាទៅវិញទៅមក ក្នុងការប្រែក្លាយជាគ្រឹះស្ថានអប់រំគំរូ និងការធ្វើសមាហរណកម្មចូលក្នុង តំបន់អាស៊ាន (ASEAN) (៣) ជំរុញការសិក្សាស្រាវជ្រាវ និងបោះពុម្ពផ្សាយលទ្ធផលស្រាវជ្រាវក្នុងទស្សនាវដ្ដីអប់រំជាតិ-អន្តរជាតិ ផ្តល់ការគាំទ្រ និងចែករំលែកចំណេះដឹង បច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ (ICT) សម្រាប់ការងាររដ្ឋបាល ការងារបណ្តុះបណ្តាល និងសេវាសហគមន៍ដល់គូភាគី និងជាពិសេស (៤) ជំរុញការអប់រំជំនាញស្ទែម (STEM) តាមរយៈការបណ្តុះបណ្តាលគ្រូបង្គោលផ្នែក STEM (STEM Master Trainers) ដោយការរៀបចំសិក្ខាសាលា កម្មវិធីប្រឹក្សាអាជីព ពិព័រណ៍វិទ្យាសាស្ត្រ ពិព័រណ៍ការ ងារ គាំទ្រសកម្មភាពក្លិបសិក្សា ដើម្បីបង្កើនលទ្ធផលសិក្សារបស់សិស្សឆ្លើយតបនឹងតេស្តអន្តរជាតិ PISA និងសមត្ថភាពបង្រៀនរបស់គរុនិស្សិត ឆ្លើយតបនឹងស្តង់វិជ្ជាជីវៈគ្រូបង្រៀនកម្ពុជា ការប្រឹក្សាគរុកោសល្យដល់គ្រូបង្រៀន និងជំរុញសកម្មភាពសហគមន៍សិក្សាវិជ្ជាជីវៈគ្រូ បង្រៀន (PLC) និងអនុវត្តកិច្ចការអាទិភាពផ្សេងៗទៀត ដែលជាផលប្រយោជន៍របស់គូភាគី ឬតាមរយៈការឯកភាពគ្នារបស់ គូភាគី។
តាងនាមក្រសួងអប់រំ យុវជន និងកីឡា សូមថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះការសហការរបស់គ្រប់អង្គភាពពាក់ព័ន្ធទាំងអស់ដែលបានរួមចំណែកយ៉ាងសកម្មរហូតឈានដល់ការបង្កើតអនុស្សរណៈនៃការយោគយល់គ្នា(MoU)នេះឡើង និងជឿជាក់យ៉ាងមុតមាំថា ជាមួយនឹងការគាំទ្រពីគ្រប់ភាគីពាក់ព័ន្ធ និងការខិតខំប្រឹងប្រែងពីលោកគ្រូ អ្នកគ្រូ ព្រមទាំងសិស្សានុសិស្សនឹងបន្តរួមចំណែកយ៉ាងសកម្មក្នុងការបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា៕
១០ កក្កដា ២០២៥ | ខេត្តបាត់ដំបង
Facebook's post below:
ភ្ជាប់ទំនាក់ទំនងជាមួយពួកយើង
📞 +855-92 582 772 / +855-86 858 570
📩 info@btec.edu.kh
Telegram Channel: t.me/btecnews
Youtube Channel: https://www.youtube.com/@BTECMedia








