Battambang Teacher Education College Canvas

News and Events

Home // News and Events

ពិព័រណ៍ស្ទែមប្រចាំឆ្នាំ លើកទី៣ នៅវិទ្យាស្ថានគរុកោសល្យបាត់ដំបង ប្រធានបទ “សហថាមពល នៃការប្រើប្រាស់បច្ចេកវិទ្យាអប់រំ និងបញ្ញាសិប្បនិម្មិតក្នុងការបង្កើតគ្រូបង្រៀនឌីជីថលនៅកម្ពុជា”

បាត់ដំបង៖ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ ២០២៥ វិទ្យាស្ថានគរុកោសល្យបាត់ដំបង បានរៀបចំពិព័រណ៍ស្ទែមប្រចាំឆ្នាំ លើកទីបី ក្រោមប្រធានបទ "សហថាមពលនៃការប្រើប្រាស់ EdTech និង AI ក្នុងការបង្កើតគ្រូបង្រៀនឌីជីថលនៅកម្ពុជា"។ ពិព័រណ៍ស្ទែមនេះ ដំណើរការក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា អភិបាលរងនៃគណៈអភិបាលខេត្តបាត់ដំបង ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) តំណាងដៃគូអភិវឌ្ឍ និងវិស័យឯកជន លោក លោកស្រី គណៈគ្រប់គ្រង គ្រូឧទ្ទេស មាតាបិតា អ្នកអាណាព្យាបាល និងគរុនិស្សិត ចំនួនប្រមាណ៥០០០នាក់។

គោលបំណងសំខាន់ៗចំនួន ០៤ នៃកម្មវិធីពិព័រណ៍ស្ទែមថ្ងៃនេះ៖ (១) បង្ហាញអំពីសារៈសំខាន់ក្នុងការរួមបញ្ចូលបច្ចេកវិទ្យាអប់រំ (EdTech) និងបញ្ញាសិប្បនិម្មិត (AI) ទៅក្នុងការអប់រំ STEM សម្រាប់គ្រូបង្រៀន គ្រឹះស្ថានសិក្សា និងសហគមន៍ (២) ដើម្បីបណ្តុះគំនិតនវានុវត្តន៍នៃការប្រើប្រាស់បច្ចេកវិទ្យាអប់រំ និង AI លើកកកម្ពស់វិធីសាស្រ្តបង្រៀនសតវត្សទី២១ និងលទ្ធផលសិក្សារបស់សិស្សឆ្លើយតបនឹងបរិវត្តកម្មឌីជីថលនៅកម្ពុជា (៣) ដើម្បីផ្តល់វេទិកាសម្រាប់ការចែករំលែកឧត្តមានុវត្តន៍ល្អៗ នៃការប្រើប្រាស់ទម្រង់នានានៃបច្ចេកវិទ្យាអប់រំ(EdTech) និងទម្រង់នៃបញ្ញាសប្បនិម្មិត(AI) ដែលមានប្រសិទ្ធភាពក្នុងការរៀន-បង្រៀន និងការងារស្រាវជ្រាវនៅកម្ពុជា និង (៤) ដើម្បីជម្រុញកិច្ចសហការប្រតិបត្តិការជាតិ-អន្តរជាតិ ការកសាងបណ្តាញ និងប្រព័ន្ធអកូឡូស៊ីនៃការអប់រំគ្រូសតវត្សទី២១ដោយរួមបញ្ចូលបច្ចេកវិទ្យាបញ្ញាសប្បនិម្មិត(AI) ដែលជាមូលដ្ឋានក្នុងការអភិវឌ្ឍគ្រូឌីជីថលនៅកម្ពុជា។

ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ ថ្នាក់ដឹកនាំនៃវិទ្យាស្ថានគរុកោសល្យបាត់ដំបង លោកគ្រូ អ្នកគ្រូ គរុនិស្សិត គរុសិស្ស ដៃគូអភិវឌ្ឍទាំងអស់ ជាពិសេសរដ្ឋាភិបាលជប៉ុនតាមរយៈ JICA ដែលបានបន្តគាំទ្រដល់ការបណ្ដុះបណ្ដាលគ្រូនៅកម្ពុជា និងជំរុញឱ្យពិព័រណ៍នេះជោគជ័យ ជួយបណ្តុះគំនិតច្នៃប្រឌិតនវានុវត្តន៍ដល់គរុនិស្សិត។ ប្រធានបទ «សហថាមពលនៃការប្រើប្រាស់បច្ចេកវិទ្យាអប់រំ (EdTech) និងបញ្ញាសិប្បនិម្មិត(AI) ក្នុងការបង្កើតគ្រូបង្រៀនឌីជីថលនៅកម្ពុជា» ពិតជាឆ្លើយតបទៅនឹងបរិវត្តកម្មវិស័យអប់រំនៅកម្ពុជា សំដៅលើការប្រើប្រាស់ និងការចេះទាញយកអត្ថប្រយោជន៍ជាអតិបរិមានៃការរីកចម្រើនបច្ចេកវិទ្យាអប់រំ (EdTech) និងបញ្ញាសិប្បនិម្មិត (AI) លើកកម្ពស់គុណភាពអប់រំ តាមរយៈការអភិវឌ្ឍបំណិនឌីជីថលដល់គ្រូបង្រៀននៅកម្ពុជា ដើម្បីឆ្លើយតបទៅនឹងការវិវត្តយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាឌីជីថលក្នុងតំបន់ និងពិភពលោក ដែលនឹងនាំមកនូវការផ្លាស់ប្តូរជាវិជ្ជមានយ៉ាងច្រើនដល់វិស័យអប់រំនៅកម្ពុជា។

ក្រសួងអប់រំ យុវជន និងកីឡា បាននិងកំពុងសិក្សាឧត្តមានុវត្តន៍នៃការអនុវត្តកម្មវិធី STEM នៅតាមសាលាជំនាន់ថ្មី(NGS) ទាំង ១៣សាលាទូទាំងប្រទេស ដែលបានផ្តល់ផលជះជាវិជ្ជមានជាច្រើនលើការអភិវឌ្ឍសមត្ថភាពគ្រូ និងអ្នកស្រាវជ្រាវលើមុខវិជ្ជាវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា ដោយបង្កើតលក្ខខណ្ឌនិងបរិស្ថានសមស្របសម្រាប់អភិវឌ្ឍសមត្ថភាពរបស់គ្រូ និងសិស្ស, ជំរុញការសិក្សាស្រាវជ្រាវលើមុខវិជ្ជា STEM ដោយផ្សារភ្ជាប់មុខវិជ្ជាទាំងនោះទៅក្នុងជីវភាពរស់នៅ និងការអប់រំបំណិនជីវិត និងការបង្កើនការចូលរួម និងប្រសិទ្ធភាពក្នុងការធ្វើសមាហរណកម្មវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យាក្នុងការអភិវឌ្ឍសង្គម សេដ្ឋកិច្ច ដោយពេញលេញពីគ្រប់ភាគីពាក់ព័ន្ធ។ ក្រសួងក៏បាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងលើការជំរុញ គាំទ្រ និងបង្កបរិយាកាសនៃការអប់រំ និងអភិវឌ្ឍសមត្ថភាពស្ទែមរបស់សិស្ស និងគ្រូបង្រៀនកម្ពុជាឱ្យកាន់តែទូលំទូលាយ ឆ្លើយតបនឹងតម្រូវការរបស់ប្រទេស និងនិន្នាការពិភពលោក តាមរយៈការអនុវត្តកញ្ចប់អំណាន និងគណិតវិទ្យាថ្នាក់ដំបូង ការប្រើប្រាស់បច្ចេកវិទ្យាអប់រំ (EdTech) ផ្សេងៗ ដូចជា កម្មវិធីថ្នាលបឋមសិក្សាPLP ថ្នាលសាលាឌីជីថល (Sala Digital) ថ្នាលទូរសិក្សា (Durarseksa) និងការបញ្ជ្រាបការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត(AI) ដើម្បីលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការបង្រៀន និងការរៀន តាមសាលារៀន និងគ្រឹះស្ថានបណ្តុះបណ្តាលគ្រូ ឆ្ពោះទៅការលើកកម្ពស់គុណភាពអប់រំនៅកម្ពុជា។

តាងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី សូមចូលរួមអបអរសាទរសាជាថ្មី ដល់គរុនិស្សិត ដែលបានចូលរួមដាក់តាំងបង្ហាញស្នាដៃរបស់ខ្លួនក្នុងពិព័រណ៍ស្ទែមប្រចាំឆ្នាំលើកទី៣នេះ និងលើកទឹកចិត្តលោកគ្រូ អ្នកគ្រូ បុគ្គលិកអប់រំគ្រប់កម្រិតសិក្សា ជាពិសេសក្មួយៗគរុនិស្សិតដែលកំពុងត្រៀមខ្លួនក្លាយជាគ្រូបង្រៀននាពេលខាងមុខ សូមប្រឹងប្រែងអស់ពីសមត្ថភាពបន្តខិតខំរៀនសូត្រ ចែករំលែកចំណេះដឹង ជំនាញ និងបទពិសោធដល់សិស្ស ដើម្បីធានាបាននូវការអប់រំប្រកបដោយគុណភាព និងសូមបន្តអភិវឌ្ឍសមត្ថភាព ចំណេះជំនាញរបស់ខ្លួនជាប់ជាប្រចាំ តាមរយៈការស្វ័យស្រាវជ្រាវ សរសេរសៀវភៅ អភិវឌ្ឍសមត្ថភាពភាសាបរទេស ជាពិសេសចេះប្រើប្រាស់ AI ដើម្បីអភិវឌ្ឍសមត្ថភាពឱ្យទាន់សម័យកាលរីកចម្រើននៃបច្ចេកវិទ្យាឌីជីថល ពង្រីកចំណេះដឹង និងបំពេញឱ្យបាននូវលក្ខខណ្ឌស្តង់ដាវិជ្ជាជីវៈគ្រូបង្រៀន៕

១០ កក្កដា ២០២៥ | ខេត្តបាត់ដំបង
Facebook's post below:

Click me here


ភ្ជាប់ទំនាក់ទំនងជាមួយពួកយើង

📞 +855-92 582 772 / +855-86 858 570

📩 info@btec.edu.kh

🌐 btec.edu.kh

Telegram Channel: t.me/btecnews

Youtube Channel: https://www.youtube.com/@BTECMedia

BTEC
BTEC
BTEC
BTEC
BTEC
BTEC
BTEC
BTEC
BTEC
BTEC
//rdi-ecosystem-higher-education.blade