ពិធីបិទពិព័រណ៍ស្ទែមប្រចាំឆ្នាំ លើកទី៣ នៅវិទ្យាស្ថានគរុកោសល្យបាត់ដំបង ប្រធានបទ “សហថាមពល នៃការប្រើប្រាស់បច្ចេកវិទ្យាអប់រំ និងបញ្ញាសិប្បនិម្មិតក្នុងការបង្កើតគ្រូបង្រៀនឌីជីថលនៅកម្ពុជា”
បាត់ដំបង៖ នារសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និង កីឡាបានអញ្ជើញជាអធិបតីក្នុងពិធីបិទពិព័រណ៍ស្ទែម (STEM) ប្រចាំឆ្នាំ លើកទី៣ ក្រោមប្រធានបទ “សហថាមពល នៃការប្រើប្រាស់បច្ចេកវិទ្យាអប់រំ និងបញ្ញាសិប្បនិម្មិតក្នុងការបង្កើតគ្រូបង្រៀនឌីជីថលនៅកម្ពុជា” នៅវិទ្យាស្ថានគរុកោសល្យបាត់ដំបង ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា អភិបាលរងនៃគណៈអភិបាលខេត្តបាត់ដំបង ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) តំណាងដៃគូអភិវឌ្ឍ និងវិស័យឯកជន លោក លោកស្រី គណៈគ្រប់គ្រង គ្រូឧទ្ទេស មាតាបិតា អ្នកអាណាព្យាបាល និងគរុនិស្សិត។
បន្ទាប់ពីស្តាប់របាយការណ៍ស្តីពី ដំណើរការរៀបចំ និងសមិទ្ធផលនៃពិព័រណ៍ STEM និង សុន្ទរកថារបស់ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) រួចមក ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ ថ្នាក់ដឹកនាំនៃវិទ្យាស្ថានគរុកោសល្យបាត់ដំបង លោកគ្រូ អ្នកគ្រូ គរុនិស្សិត គរុសិស្ស ដៃគូអភិវឌ្ឍទាំងអស់ ជាពិសេសរដ្ឋាភិបាលជប៉ុនតាមរយៈ JICA ដែលបានបន្តគាំទ្រដល់ការបណ្ដុះបណ្ដាលគ្រូនៅកម្ពុជា និងជំរុញឱ្យពិព័រណ៍នេះជោគជ័យ ជួយបណ្តុះគំនិតច្នៃប្រឌិតនវានុវត្តន៍ដល់គរុនិស្សិត។ ប្រធានបទ «សហថាមពលនៃការប្រើប្រាស់បច្ចេកវិទ្យាអប់រំ (EdTech) និងបញ្ញាសិប្បនិម្មិត(AI) ក្នុងការបង្កើតគ្រូបង្រៀនឌីជីថលនៅកម្ពុជា» ពិតជាឆ្លើយតបទៅនឹងបរិវត្តកម្មវិស័យអប់រំនៅកម្ពុជា សំដៅលើការប្រើប្រាស់ និងការចេះទាញយកអត្ថប្រយោជន៍ជាអតិបរិមានៃការរីកចម្រើនបច្ចេកវិទ្យាអប់រំ (EdTech) និងបញ្ញាសិប្បនិម្មិត (AI) លើកកម្ពស់គុណភាពអប់រំ តាមរយៈការអភិវឌ្ឍបំណិនឌីជីថលដល់គ្រូបង្រៀននៅកម្ពុជា ដើម្បីឆ្លើយតបទៅនឹងការវិវត្តយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាឌីជីថលក្នុងតំបន់ និងពិភពលោក ដែលនឹងនាំមកនូវការផ្លាស់ប្តូរជាវិជ្ជមានយ៉ាងច្រើនដល់វិស័យអប់រំនៅកម្ពុជា។
ក្រសួងអប់រំ យុវជន និងកីឡា បាននិងកំពុងសិក្សាឧត្តមានុវត្តន៍នៃការអនុវត្តកម្មវិធី STEM នៅតាមសាលាជំនាន់ថ្មី(NGS) ទាំង ១៤សាលាទូទាំងប្រទេស ដែលបានផ្តល់ផលជះជាវិជ្ជមានជាច្រើនលើការអភិវឌ្ឍសមត្ថភាពគ្រូ និងអ្នកស្រាវជ្រាវលើមុខវិជ្ជាវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា ដោយបង្កើតលក្ខខណ្ឌនិងបរិស្ថានសមស្របសម្រាប់អភិវឌ្ឍសមត្ថភាពរបស់គ្រូ និងសិស្ស, ជំរុញការសិក្សាស្រាវជ្រាវលើមុខវិជ្ជា STEM ដោយផ្សារភ្ជាប់មុខវិជ្ជាទាំងនោះទៅក្នុងជីវភាពរស់នៅ និងការអប់រំបំណិនជីវិត និងការបង្កើនការចូលរួម និងប្រសិទ្ធភាពក្នុងការធ្វើសមាហរណកម្មវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យាក្នុងការអភិវឌ្ឍសង្គម សេដ្ឋកិច្ច ដោយពេញលេញពីគ្រប់ភាគីពាក់ព័ន្ធ។
ក្រសួងក៏បាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងលើការជំរុញ គាំទ្រ និងបង្កបរិយាកាសនៃការអប់រំ និងអភិវឌ្ឍសមត្ថភាពស្ទែមរបស់សិស្ស និងគ្រូបង្រៀនកម្ពុជាឱ្យកាន់តែទូលំទូលាយ ឆ្លើយតបនឹងតម្រូវការរបស់ប្រទេស និងនិន្នាការពិភពលោក តាមរយៈការអនុវត្តកញ្ចប់អំណាន និងគណិតវិទ្យាថ្នាក់ដំបូង ការប្រើប្រាស់បច្ចេកវិទ្យាអប់រំ (EdTech) ផ្សេងៗ ដូចជា កម្មវិធីថ្នាលបឋមសិក្សាPLP ថ្នាលសាលាឌីជីថល (Sala Digital) ថ្នាលទូរសិក្សា (Durarseksa) និងការបញ្ជ្រាបការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត(AI) ដើម្បីលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការបង្រៀន និងការរៀន តាមសាលារៀន និងគ្រឹះស្ថានបណ្តុះបណ្តាលគ្រូ ឆ្ពោះទៅការលើកកម្ពស់គុណភាពអប់រំនៅកម្ពុជា។
តាងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី សូមចូលរួមអបអរសាទរដល់គរុនិស្សិត គរុសិស្ស ដែលបានចូលរួមដាក់តាំងបង្ហាញស្នាដៃរបស់ខ្លួនក្នុងពិព័រណ៍ស្ទែមប្រចាំឆ្នាំលើកទី៣នេះ និងលើកទឹកចិត្តលោកគ្រូ អ្នកគ្រូ បុគ្គលិកអប់រំគ្រប់កម្រិតសិក្សា ជាពិសេសក្មួយៗគរុនិស្សិតដែលកំពុងត្រៀមខ្លួនក្លាយជាគ្រូបង្រៀននាពេលខាងមុខ សូមប្រឹងប្រែងអស់ពីសមត្ថភាពបន្តខិតខំរៀនសូត្រ ចែករំលែកចំណេះដឹង ជំនាញ និងបទពិសោធដល់សិស្ស ដើម្បីធានាបាននូវការអប់រំប្រកបដោយគុណភាព និងសូមបន្តអភិវឌ្ឍសមត្ថភាព ចំណេះជំនាញរបស់ខ្លួនជាប់ជាប្រចាំ តាមរយៈការស្វ័យស្រាវជ្រាវ សរសេរសៀវភៅ អភិវឌ្ឍសមត្ថភាពភាសាបរទេស ជាពិសេសចេះប្រើប្រាស់ AI ដើម្បីអភិវឌ្ឍសមត្ថភាពឱ្យទាន់សម័យកាលរីកចម្រើននៃបច្ចេកវិទ្យាឌីជីថល ពង្រីកចំណេះដឹង និងបំពេញឱ្យបាននូវលក្ខខណ្ឌស្តង់ដាវិជ្ជាជីវៈគ្រូបង្រៀន៕
១០ កក្កដា ២០២៥ | ខេត្តបាត់ដំបង
Facebook's post below:
ភ្ជាប់ទំនាក់ទំនងជាមួយពួកយើង
📞 +855-92 582 772 / +855-86 858 570
📩 info@btec.edu.kh
Telegram Channel: t.me/btecnews
Youtube Channel: https://www.youtube.com/@BTECMedia









