កម្មវិធីជំនួបពិភាក្សាការងាររបស់ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា ជាមួយអង្គការវេទិកាសេវាសន្តិភាពស៊ីវិល (forumZFD) ប្រចាំកម្ពុជា
បាត់ដំបង៖ នាព្រឹកថ្ងៃអាទិត្យ ទី៨ ខែធ្នូ ឆ្នាំ២០២៤ វិទ្យាស្ថានគរុកោសល្យបាត់ដំបង បានរៀបចំកិច្ចប្រជុំពិភាក្សាការងារ ក្រោមអធិបតីភាពឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា គណៈគ្រប់គ្រងវិទ្យាស្ថានគរុកោសល្យបាត់ដំបង ព្រមទាំងតំណាងអង្គការវេទិកាសេវាសន្តិភាពស៊ីវិល (forumZFD) ប្រចាំកម្ពុជា។
តាមរយៈកិច្ចប្រជុំនេះ អង្គការ forumZFD នេះមានគោលបំណងបង្ហាញជូនឯកឧត្ដមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នូវសកម្មភាពការងារដែលអង្គការបានអនុវត្តកន្លងមក ដែលមានដូចជាការអប់រំសន្តិភាព ការបម្លែងទំនាស់ និងការកសាងទំនាក់ទំនងបែបអហិង្សានៅតាមសាលារៀន។ល។ ដែលអង្គការបានសហការអនុវត្តជាមួយវិទ្យាស្ថានគរុកោសល្យបាត់ដំបង មន្ទីរអប់រំ យុវជន និងកីឡាខេត្តបាត់ដំបង និងសាលាសហការនានាក្នុងខេត្តបាត់ដំបង។ អង្គការ forumZFD ក៏បានលើកឡើងពីផែនការសកម្មភាពសម្រាប់ឆ្នាំបន្ទាប់ផងដែរ ដែលមានដូចជាការបន្តសហការរៀបចំសន្និសីទអប់រំប្រចាំឆ្នាំ២០២៥ ការបន្តបណ្ដុះបណ្ដាលគ្រូបង្គោលនៅវ.គ.ប និងសាលាសហការ និងការបង្កើតគម្រោងស្រាវជ្រាវប្រតិបត្តិរួមគ្នាជាដើម។
ឯកឧត្ដមបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានវាយតម្លៃខ្ពស់ចំពោះសកម្មភាពការងាររបស់អង្គការ forumZFD និងបានសង្កត់ធ្ងន់ចំពោះសារៈសំខាន់នៃការអប់រំសន្តិភាព ក្នុងការរួមចំណែកគាំទ្រគោលនយោបាយកំណែទម្រង់របស់រាជរដ្ឋាភិបាល ដោយផ្ដោតទៅលើអភិវឌ្ឍប្រកបដោយចីរភាព និងសន្តិភាព។ ការអប់រំសន្តិភាពក៏ជាការផ្ដល់ឱកាសឱ្យសិស្សានុសិស្សជាពិសេសយុវជនទទួលបានការអប់រំប្រកបដោយសមធម៌ ទទួលបាននូវចំណេះដឹង ជំនាញ និងឥរិយាបថ ដើម្បីក្លាយខ្លួនជាពលរដ្ឋសាកលដែលអាចរស់នៅប្រកបដោយភាពសុខដុមរមនាក្នុងសហគមន៍ និងក្នុងសង្គមផងដែរ។
Facebook's post below:
ភ្ជាប់ទំនាក់ទំនងជាមួយពួកយើង
📞017 448 869/ 096 3 296 997
📩 info@btec.edu.kh
Telegram Channel: t.me/btecnews
Youtube Channel: https://www.youtube.com/@BTECMedia