ជំនួបសម្តែងការគួរសមជាមួយតំណាងក្រុមការងារការអប់រំមូលដ្ឋាន (Basic Education Group) នៃទីស្នាក់ការកណ្តាលទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA Headquarter) និងក្រុមការងារគម្រោង S-TEC
នារសៀលថ្ងៃព្រហស្បតិ៍ ទី១៦ ខែមករា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ជា រដ្ឋា នាយកវិទ្យាស្ថានគរុកោសល្យបាត់ដំបង បានទទួលជួបលោក Yuho HASHIMOTO តំណាងក្រុមការងារអប់រំមូលដ្ឋាន នៃទីស្នាក់ការកណ្តាលទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន និងក្រុមការងារគម្រោង S-TEC ដែលដឹកនាំដោយលោក Koji TAKAHASHI អ្នកឯកទេសគណិតវិទ្យានៃគម្រោង លោក Taro KAWAHARA អ្នកសម្របសម្រួលគម្រោង S-TEC ប្រចាំនៅកម្ពុជា និងលោក វណ្ណា ដារិទ្ធ មន្រ្តីសម្របសម្រួលគម្រោងប្រចាំ វ.គ.ប។
ជាកិច្ចចាប់ផ្តើម លោក Yuho HASHIMOTO បានធ្វើការថ្លែងអំណរគុណដល់ ឯកឧត្តមបណ្ឌិតនាយកវិទ្យាស្ថានដែលបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងផ្តល់កិច្ចសហការយ៉ាងល្អសម្រាប់រូបលោក និងក្រុមការងារគម្រោង S-TEC។ ក្នុងនាមជាអ្នកទទួលបន្ទុកគម្រោងផ្ទាល់នៅទីស្នាក់ការកណ្តាល លោកមានបំណងក្នុងការបំពេញបេសកកម្មនៅកម្ពុជាដើម្បីស្វែងយល់ពីដំណើរការអនុវត្តគម្រោងនៅវិទ្យាស្ថានគរុកោសល្យ និងសារ:សំខាន់នៃគម្រោងដែលគាំទ្រការធ្វើឱ្យប្រសើរឡើងនូវវិធីសាស្រ្តបង្រៀន និងលទ្ធផលសិក្សារបស់សិស្សនៅកម្រិតបឋមសិក្សា និងអនុវិទ្យាល័យ។
ជាលទ្ធផលលោកបានសង្កេតឃើញពីភាពចាំបាច់ និងចំណុចវិជ្ជមានជាច្រើនក្នុងសកម្មភាពរៀន-បង្រៀនក្នុងថ្នាក់ឆ្លងតាមការសង្កេតថ្នាក់រៀនរបស់លោកកាលពីម្សិលមិញ។ ឯកឧត្តមបណ្ឌិតនាយកវិទ្យាស្ថាន បានថ្លែងអំណរគុណជាពិសេសដល់លោក Yuho HASHIMOTO និងក្រុមការងារគម្រោង S-TEC ដែលបានផ្តល់មូលនិធិ និងគាំទ្របច្ចេកទេសក្នុងការកសាងសមត្ថភាពដល់លោកគ្រូ-អ្នកគ្រូឧទ្ទេសនៃ វ.គ.ប និងលោកគ្រូ-អ្នកគ្រូនៅសាលាអនុវត្តន៍ទាំង២ដើម្បីធ្វើឱ្យប្រសើរឡើងនូវការរៀន និងបង្រៀន តាមរយៈការអនុវត្តវិធីសាស្រ្តបង្រៀនថ្មី រៀនដោយផ្អែកលើការដោះស្រាយបញ្ហា (Learning Through Problem Solving) ដែល ឯកឧត្តមបណ្ឌិត ជឿថានឹងផ្តល់នូវជវភាព និងលទ្ធផលជាវិជ្ជមានដល់លទ្ធផលសិក្សារបស់សិស្ស។
ទន្ទឹមនឹងនេះតាងនាមឱ្យ វ.គ.ប ឯកឧត្តមបណ្ឌិតនាយក បានធ្វើការថ្លែងអំណរគុណ ដល់ប្រទេសជប៉ុន និងប្រជាជនជប៉ុន ដែលបានផ្តល់មូលនិធិគាំទ្រដល់ការកសាងវិទ្យាស្ថានគុរកោសល្យបាត់ដំបងដែលជាគម្រោងប្រវត្តិសាស្រ្តសម្រាប់កែលម្អការបណ្តុះបណ្តាលគ្រូនៅកម្ពុជា។ លោក Koji TAKAHASHI និង លោក Taro KAWAHARA បានធ្វើការរាយការណ៍ពីសកម្មភាពសង្កេតថ្នាក់រៀន ពិសេសចំណុចវិជ្ជមាន និងមតិត្រលប់របស់លោកគ្រូ-អ្នកគ្រូឧទ្ទេសលើការបង្រៀនរបស់លោកគ្រូ-អ្នកគ្រូនៅសាលាអនុវត្តន៍ និងបានលើកទឹកចិត្តឱ្យ វ.គ.ប និងសាលាអនុវត្តន៍បង្កើតប្រព័ន្ធក្នុងការប្រឹក្សាយោបល់ជាប្រចាំដើម្បីធានានូវប្រសិទ្ធភាព និងនិរន្តរភាពនៃការអនុវត្តវិធីសាស្រ្តបង្រៀនថ្មីដែលគម្រោងបាននិងកំពុងគាំទ្រ។
ជាថ្មីម្តងទៀត ឯកឧត្តមបណ្ឌិតនាយកវិទ្យាស្ថាន បានថ្លែងអំណរគុណដល់ លោក Yuho HASHIMOTO និងក្រុមការងារគម្រោង S-TEC ទាំងអស់ដែលបានគាំទ្រក្នុងការកែលម្អការបង្រៀនរបស់លោកគ្រូ-អ្នកគ្រូឧទ្ទេស និងលោកគ្រូ-អ្នកគ្រូនៅសាលាអនុវត្តន៍ទាំង២ ពិសេសការផ្តល់នូវមតិត្រលប់ល្អៗដែលជាធាតុចូលសំខាន់សម្រាប់វិទ្យាស្ថានក្នុងការកែលម្អកម្មវិធីសិក្សា និងការស្រាវជ្រាវនៅវិទ្យាស្ថាន ផ្សារភ្ជាប់នឹងការអនុវត្ត។ វិទ្យាស្ថាននឹងប្តេជ្ញាចិត្តក្នុងការគាំទ្រសកម្មភាពគម្រោង និងបន្តនិរន្តភាពនៃសកម្មភាពផ្សារភ្ជាប់នឹងផែនការយុទ្ធសាស្រ្ត០៥ឆ្នាំរបស់ខ្លួននិងការរៀបចំសៀវភៅប្រតិបត្តិសម្រាប់ការអភិវឌ្ឍនិងគ្រប់គ្រងធនធានមនុស្សដើម្បីលើកទឹកចិត្តដល់បុគ្គលិកអប់រំដែលបានអភវិឌ្ឍសមត្ថភាពជាប្រចាំពិសេសវិធីសាស្រ្តបង្រៀនសតវត្សទី២១។
Facebook's post below:
ភ្ជាប់ទំនាក់ទំនងជាមួយពួកយើង
📞017 448 869/ 096 3 296 997
📩 info@btec.edu.kh
Telegram Channel: t.me/btecnews
Youtube Channel: https://www.youtube.com/@BTECMedia